ភ្នំពេញ ៖ បងប្អូនបានស្គាល់រួចមកហើយជាមួយ តារាសម្តែង រ៉ូសៗ ដោយថ្មីៗនេះមានតារា ច្រើនរូបបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកដូចៗគ្នា ក្នុងគោលបំណងស្នើសុំទៅកាន់ប្រមុខដឹកនាំសម្តេចតេជោ ចំនួន៤ចំណុច ដើម្បីជាដំណោះក្នុងសម័យនៃការរីករាលដាលនៃជំ.ងឺ.កូ.វី.ដ១៩ ក្នុងសហគមន៍ នៅប្រទេសកម្ពុជា។
សារដែលពួកគេបានបង្ហោះនោះ បានលើកឡើងថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រោមការដឹកនាំសម្តេចតេជោ សូមគោរព ឧត្តមភាពដ៏ថ្លៃថ្លារបស់សម្តេច គោលនយោបាយឈ្នះៗ ដោយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ សុំធ្វើការស្នើរសុំដល់សម្តេចពុក៤ចំណុច!។
កម្មវត្ថុសេចក្តីផ្តើម ៖ ដោយប្រជាពលរដ្ឋកំពុងតែប្រឈមមុខកូ.វី.ដ.១៩ ដូចសម្តេចអ៊ុំបានជ្រាប និងសូមអនុញ្ញាតរៀបរាប់ជូនស្នើរសុំ៤ចំណុច ដោយអនុគ្រោះដល់ប្រជាពលរដ្ឋទូទាំងប្រទេសផងទាន!។ សុំសម្តេចពុក មេត្តាជួយដោះស្រាយ នឹងសម្រួលពីបញ្ហាទុក្ខធុរៈ ទុក្ខសោករបស់ប្រជាពលរដ្ឋ ក្នុងស្ថានការនេះ។
#ទី១ សូមមេត្តាជួយដោះស្រាយបញ្ហាសាំងឡើងថ្លៃ សម្រួលអោយចុះថោក ធូរថ្លៃសមរម្យ ក្នុងស្ថានភាព សេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋសម័យកូវីដធ្លាក់ចុះ!។
#ទី២ សូមមេត្តាធ្វើសេចក្តីប្រកាស សម្រួលជាមួយម្ចាស់ផ្ទះជួល ម្ចាស់កន្លែងជួលបើករកស៊ី ចុះតម្លៃថ្លៃបន្ទប់ ឬផ្ទះល្វែង អោយសល់ត្រឹមតែពាក់កណ្តាល១រយៈពេល (ពេលស្ថានភាពប្រសើរវិញ និងគិតតម្លៃដើម)។
#ទី៣ សូមសម្រួលជាមួយធនាគារហិរញ្ញវត្ថុគ្រប់ស្ថាប័នរដ្ឋ និងឯកជន ចំពោះប្រជាពលរដ្ឋនៃប្រាក់កម្ចី ធ្វើការផ្អាកបង់១រយៈពេល (ពេលស្ថានភាពល្អឡើងវិញ ពួកក្មួយៗនឹងបង់ជាធម្មតា)។
#ទី៤ សូមជួយសម្រួលជាមួយនឹងវារីអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក សម្រួលអោយចុះថោកបន្តិច ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ដោយអនុគ្រោះផងសម្តេចពុក ។សូមគោរព ជូនពរដល់សម្តេចពុក មានសុខភាពល្អ កម្លាំងមាំមួនជាម្លប់ដល់កូនចៅ ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗគ្នា។
ជាការកត់សម្គាល់សារខាងលើនេះ ត្រូវបានអ្នកសិល្បៈជាច្រើនបានធ្វើការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក ដោយនៅក្នុងនោះក៏មានមហាជនជាច្រើនទៀត ក៏បានចែកចាយសារខាងលើនេះដូចគ្នា។យ៉ាងណា រហូតមកទល់ពេលនេះគេនៅមិនទាន់ឃើញមានការឆ្លើយតបពីថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធណាមួយនៅឡើយទេ៕