សង្គម

បន្ទាន់! អាជ្ញាធររាជធានីសម្រេចបិទការធ្វើចរាចរលើផ្លូវ៦០៨ ជាប់ស្ថានីយ៍បូមទឹកទួលគោកទី១ ក្បែរត្រឡោកបែក រយៈពេលមួយខែពេញ

អាជ្ញាធររាជធានីភ្នំពេញ ចាប់ពីថ្ងៃ១៨ មិនានេះតទៅ បានសម្រេចបិទ ការធ្វើចរាចរលើផ្លូវលេខ ៦០៨ ក្បែរនឹងស្ថានីយ៍បូមទឹកទួលគោកទី១ (ត្រឡោកបែក) សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករយៈពេលមួយខែ ដើម្បីតភ្ជាប់បណ្តាញលូធំៗ ចេញពីផ្លូវលេខ ៣១៥ កាត់ផ្លូវលេខ៦០៨ ភ្ជាប់ទៅ ស្ថានីយ៍បូមទឹកទួលគោកទី១។

ដូច្នេះសូមបងប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមសហការណ៍ពង្វាងចរាចរ និងសូមយោគយល់អធ្យាស្រ័យ ចំពោះការបិទផ្លូវមួយរយៈពេលនេះ។

មន្រ្តីរដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការដ្ឋានគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន បាននិងកំពុងសាងសង់លូប្រអប់ទំហំ ២ម៉ែត្រx ២ម៉ែត្រ តាមបណ្តោយផ្លូវលេខ ៣១៥ ដល់ចំណុចផ្លូវលេខ ៦០៨ ប្រសព្វនៃផ្លូវលេខ៣១៥ និងផ្លូវលេខ ៥៩៨។

ទីតាំងខាងលើនេះ ការដ្ឋានត្រូវសាងសង់លូប្រអប់ទំហំ ២ម៉ែត្រx ២ម៉ែត្រ ដែលត្រូវតភ្ជាប់ពីផ្លូវលេខ ៣១៥ កាត់ផ្លូវលេខ៦០៨នេះ ដើម្បីភ្ជាប់ទៅស្ថានីយ៍បូមទឹកទួលគោកទី១ (ត្រឡោកបែក) ហើយនឹងត្រូវ បិទចរាចរផ្លូវលេខ ៦០៨ ត្រង់ទីតាំងការដ្ឋាន រយៈពេល ២៩ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាចូលរួមសហការណ៍ពង្វាងចរាចរ និងសូមយោគយល់អធ្យាស្រ័យ ចំពោះការបិទផ្លូវមួយរយៈពេលនេះ។

គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។

គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ។ ២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤ គីឡូម៉ែត្រ។

៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ ៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។ ៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕