សង្គម

សម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យក្រុមពេទ្យកងទ័ពបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលចាក់វ៉ាក់សាំងកូវីដ១៩

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានណែនាំឱ្យក្រុមគ្រូពេទ្យរបស់កងទ័ពទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់នៅពេលចាក់វ៉ាក់សាំងប ង្ការជំងឺកូវីដ១៩ ជូនដល់កងទ័ពដែលត្រូវទៅទទួលវ៉ាក់សាំង។

ការណែនាំរបស់ សម្តេចពិជ័យសេនា បានធ្វើឡើងបន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩ ទៅលើទាហានម្នាក់ ឈ្មោះ ដារ៉ា សកល នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន២លើករួចរាល់។

សម្រាប់គ្រូពេទ្យកងទ័ព ដែលទទួលបន្ទុកក្នុងការចាក់វ៉ាក់សាំងនេះ សម្តេចពិជ័យសេនា បានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន ជាពិសេសនៅពេលសម្ភាសដល់កងទ័ព ដែលទៅចាក់វ៉ាក់សាំង។ សម្តេចបានបន្តថា ក្រុមគ្រូពេទ្យត្រូវតែការពារខ្លួនឱ្យបានម៉តចត់ ទោះបីជាខ្លួនបានចាក់វ៉ាក់សាំងហើយក៏ដោយ ដោយសារតែការចម្លងជំងឺនេះ មិនបានរើសមុខអ្នកចាក់វ៉ាក់សាំង ឬមិនចាក់វ៉ាក់សាំងនោះទេ។

សម្តេចពិជ័យសេនា ក៏បានបានផ្តាំដល់កងទ័ពទាំងអស់ កុំឱ្យមានការធ្វេសប្រហេសឱ្យសោះ ជាពិសេស ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ។

ទន្ទឹមនឹងនេះ សម្តេចជំរុញឱ្យសម្ភាសសួរព័ត៌មានឱ្យបានច្រើនអំពីអ្នកជំងឺកូវីដ១៩ថ្មីខាងលើនេះ ដើម្បីដឹងអំពីប្រភពចម្លងឱ្យច្បាស់លាស់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់, អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

ប្រភពអត្ថបទ៖ Fresh News