កម្សាន្ត

តារាកំប្លែង ស្រីអ៉ីត រៀបរាប់ពីអាការៈជំងឺកូវីដ-១៩ និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យយកចិត្តទុកដាក់ ថែទាំសុខភាព និងស្តាប់តាមណែនាំរបស់ក្រសួងសុខាភិបាល

តារាកំប្លែង CTN ស្រីអ៉ីត បានបង្ហោះសាររៀបរាប់ពីអាការៈជំងឺកូវីដ-១៩ ដែលកំពុងវាយប្រហារសុខភាពរបស់នាង នៅពេលនេះ គឺបានធូរស្បើយច្រើនជាងមុនហើយ បន្ទាប់ពីបានសម្រាកព្យាបាលរយៈពេល៥ថ្ងៃ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

អ្នកនាង សេន ចិន្តា ហៅស្រីអ៉ីត បានសរសេរសារតាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃទី១៧ ខែមីនា នេះថា «ជំរាបសួរ ពុកម៉ែបងប្អូនទាំងអស់គ្នា ពេលនេះអាការៈរបស់នាងខ្ញុំ សេន ចិន្ដា ហៅស្រីអុិត បានធូរស្រាលច្រើនហើយ ក្រោយពីមកសម្រាកព្យាបាលអស់រយៈពេល ៥ទៅ៦ ថ្ងៃមកនេះ នៅអុិនធើខន ចាស់ជិតផ្សារដើមគ ជាន់ទី១២

ហើយនាងខ្ញុំក៏ សូមអរគុណទៅដល់ពុកម៉ែប្អូន ដែលតែងតែព្រួយបារម្ភពីសុខទុក និងសុខភាពរបស់នាងខ្ញុំកន្លងមកនេះ អ្វីដែលពិសេសនោះ គឺនាងខ្ញុំអរគុណទៅដល់សម្ដេចពុក សម្ដេចម៉ែ ដែលលោកតែងតែខំប្រឹងប្រែងជួយជ្រោមជ្រែង

ដោយយកចិត្តទុកចំពោះកូនចៅ ទាំងអស់គ្នា ក៏ដូចជាអ្នកគ្រូលោកគ្រូពេទ្រទាំងអស់គ្នា ដែលគាត់តែងតែខំមើលថែទាំអ្នកជំងឺគ្មានពេលសំរាក មិនថាយប់ឬក៏ថ្ងៃឲ្យពួកយើងឆាប់ជាសះស្បើយពីជំងឺ»។

ស្រីអ៉ីត បានបន្តថា «នាងខ្ញុំសូមអរគុណណាស់។ ជាចុងក្រោយនាងខ្ញុំជូនពរពុកម៉ែបងប្អូនជួបតែសេចក្ដីសុខ ជៀសផុតពីជំងឺផ្សេងៗ មួយទៀតសូមពុកម៉ែបងប្អូនទាំង ចូលរួមទប់ស្កាត់ការពារជំងឺកូវីដ-១៩ទាំងអស់គ្នា ក៏ដូចជាស្ដាប់តាមកាណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចពុក ៣កុំ ៣ការពារ បើមិនចាំបាច់កុំចេញក្រៅផ្ទះ ដោយការគោរពពីនាងខ្ញុំ។ សូមអរគុណ»។

គួរជម្រាបថា តារាកំប្លែងរបស់ស្ថានីយទូរទស្សន CTN ស្រីអ៉ីត ត្រូវបានរកឃើញថា កើតជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីរូបនាងធ្លាប់មានទំនាក់ទំនងជាមួយតារាចម្រៀង វី ឌីណែត៕ ប្រភពអត្ថបទ fresh news