កម្សាន្ត

តារាចម្រៀងណុប ប៉ាយ៉ារិទ្ធ រៀបរាប់ពីអាការៈជំងឺកូវីដ១៩ និងបង្ហូរទឹកភ្នែកអាណិតគ្រូពេទ្យ

(ភ្នំពេញ)៖ តារាចម្រៀងចាស់វស្សាប្រចាំផលិតកម្មហង្សមាស លោក ណុប ប៉ាយ៉ារិទ្ធ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងវាយប្រហារសុខភាពលោកនោះ មិនទាន់ប្រសើរនៅឡើយនោះទេ។

តាមរយៈវីដេអូដែលបានបង្ហោះនៅលើហ្វេសប៊ុកនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ម្ចាស់បទ «បេះដូងគ្មានឈាម» រូបនេះ បានរៀបរាប់ថា មេរោគកូវីដ១៩ បានធ្វើទុក្ខលោកជាខ្លាំងធ្វើឱ្យហេវហត់អត់កម្លាំង ហើយពេលលេបថ្នាំ ក៏ត្រូវក្អួត និងរាគផងដែរ។ លោក ណុប ប៉ាយ៉ារិទ្ធ បានបញ្ជាក់ថា ដោយសារតែសុខភាពហេវហត់ អត់ខ្លាំងបានធ្វើឱ្យរូបលោកដួលពីរដងនៅក្នុងបន្ទប់ទឹក។

លោក ណុប ប៉ាយ៉ារិទ្ធ បានបញ្ជាក់ដែរថា សូម្បីតែអាហារក៏ហូបមិនចូលដែរ ទោះអាហារនោះឆ្ងាញ់ប៉ុណ្ណាក៏ដោយ។

ទន្ទឹមនឹងរៀបរាប់ពីស្ថានភាពជំងឺរបស់លោកហើយនោះ តារាចម្រៀងមានឈ្មោះបោះសំឡេងលើវិថីសិល្បៈរូបនេះ ក៏បានបង្ហាញអារម្មណ៍នឹកអាណិតចំពោះក្រុមគ្រូពេទ្យ ដែលកំពុងព្យាបាល និងបម្រើអ្នកជំងឺកូវីដ១៩ផងដែរ។

លោក ណុប ប៉ាយ៉ារិទ្ធ បានរៀបរាប់ទាំងទឹកភ្នែកយ៉ាងដូច្នេះ «ខ្ញុំមានអារម្មណ៍ថាខ្ញុំអាណិតពេទ្យ ខ្ញុំមានអារម្មណ៍ថាខ្ញុំអាណិតគាត់ គាត់ស្លៀកពាក់ ខ្លួនប្រាណគាត់រុំដោយប្លាស្ទីក។ គាត់ត្រូវការការពារអាយុជីវិតរបស់គាត់ហើយ ប៉ុន្តែគាត់ត្រូវការជីវិតគាត់បន្តទៀត សម្រាប់ព្យាបាល មើលថែអ្នកជំងឺទាំងអស់។ អ៊ីចឹងខ្ញុំមានអារម្មណ៍ថា ខ្ញុំអាណិតពួកគាត់។ បងប្អូនគិតមើល ក្នុងខ្លួនរបស់គាត់ថប់ប៉ុណ្ណារុំទៅដោយប្លាស្ទីក សម្លៀកបំពាក់ ឯកសណ្ឋានត្រូវជិតឈឹងតែម្តងអត់ឱ្យមានខ្យល់ចេញចូលបាន»។

តាមរយៈវីដេអូនេះ លោក ណុប ប៉ាយ៉ារិទ្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យយកចិត្តទុកដាក់ថែទាំសុខភាព និងស្តាប់តាមអាជ្ញាធរ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ១៩ ព្រោះវាធ្វើទុក្ខខ្លាំងណាស់។

ជាមួយគ្នានេះ លោក ណុប ប៉ាយ៉ារិទ្ធ គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយកចិត្តទុកដាក់សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩។ លោក ក៏បានអរគុណលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់គ្របគ្រងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ នៅសណ្ឋាគារ Great Duck ហើយបានផ្គត់ផ្គង់ចំណីអាហារផ្សេងៗគ្រប់គ្រាន់។

សូមបញ្ជាក់ថា លោក ណុប ប៉ាយ៉ារិទ្ធ ត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ បន្ទាប់ពីរូបលោកមានប្រាស្រ័យទាក់ទងជាមួយហាងលក់កាបូបមួយកន្លែងនៅអូឡាំពិក។