សង្គម

យល់យ៉ាងណាដែរ? ទីក្រុងមួយរបស់ហ្វីលីពីនហាមអ្នកអាយុក្រោម ១៨ ឆ្នាំចេញពីផ្ទះដាច់ខាត ដើម្បីការពារឆ្លងកូវីដ

ទីក្រុងម៉ានីលប្រទេសហ្វីលីពីននឹងពង្រីកការហាមឃាត់ចំពោះយុវជនដែលមានអាយុក្រោម ១៨ ឆ្នាំមិនឲ្យចាកចេញពីកន្លែងស្នាក់នៅរបស់ពួកគេរយៈពេល ២ សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃពុធ ទី១៧ ខែមីនា តទៅដើម្បីរឹតបន្តឹង និងប្រយុទ្ធប្រឆាំងការកើនឡើងករណីឆ្លងថ្មីៗនេះ ។

អាជ្ញាធរទីក្រុងម៉ានីលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយលើកឡើងពីការព្រមព្រៀងរវាងអភិបាលក្រុងថាមានតែអ្នកអាយុពី ១៨ ទៅ ៦៥ ឆ្នាំប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះរបស់ពួកគេ ។

ប្រទេសហ្វីលីពីនកាលពីចុងឆ្នាំមុនបានចាប់ផ្តើមបន្ធូរបន្ថយការបិទប្រទេសដ៏យូរបំផុតមួយលើពិភពលោកតាមរយៈច្បាប់តម្រូវឲ្យមនុស្សគ្រប់រូបអាយុក្រោម ១៥ ឆ្នាំត្រូវតែស្នាក់នៅក្នុងផ្ទះជាពិសេសអ្នករស់នៅទីក្រុងម៉ានីល ។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានមើលឃើញពីការកើនឡើងនូវករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងខែនេះដោយមានករណីឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីពាក់កណ្តាលខែសីហា ខណៈកាលពីថ្ងៃចន្ទមានការឆ្លងថ្មីចំនួន ៥,៤០៤ នាក់ ។

ទន្ទឹមនោះបម្រាមគោចរពេលយប់ត្រូវបានដាក់ឡើងវិញតាំងពីថ្ងៃចន្ទរយៈពេលពីរសប្តាហ៍នៅទីក្រុងម៉ានីលដែលជាចំណុចផ្ទុះជំងឺកូវីដ ១៩ នៃប្រទេសនេះដែលមានប្រជាជនជាង ១២ លាននាក់ ។

វិធានការបន្ថែមដូចជាការហាមឃាត់ការលក់ និងផឹកស្រា និងការបិទមូលដ្ឋានក្នុងតំបន់ដែលមានអត្រាឆ្លងខ្ពស់ត្រូវបានដាក់ឲ្យអនុវត្តផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសហ្វីលីពីនមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៦៣១,៣២០ ករណី និងមានអ្នកស្លាប់ចំនួន ១២,៨៤៨ នាក់ ៕