រយៈពេលប្រមាណជាជិតមួយសប្តាហ៍មកហើយ ដែលតារាចម្រៀងស្រី វី ឌីណែត បានសម្រាកព្យាបាលនៅឯអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) ។
ក្នុងនោះដែរ ក្រោយពី វី ឌីណែត បានរកឃើញឆ្លងកូវីដ-១៩ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ នៅថ្ងៃបន្ទាប់អ្នកម្តាយរបស់តារាស្រីរូបនេះ ក៏បានរកឃើញឆ្លងដូចគ្នាដែរ ។
ដោយឡែកឪពុករបស់នាង គឺតារាចម្រៀងជើងចាស់ ហួរ ឡាវី ក៏បានធ្វើតេស្តសំណាកលើកទី ១ រួចហើយ គឺលទ្ធផលអវិជ្ជមាន តែនៅកំពុងធ្វើចត្តាឡីស័កដដែល ។
យ៉ាងណាមិញ ស្រាប់តែនៅយប់ថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០២១ កន្លងទៅនេះ កញ្ញា វី ឌីណែត បានបង្ហោះសារមួយឃ្លាអាណិតប្អូនស្រីតែម្នាក់របស់នាងយ៉ាងខ្លាំង ដែលកំពុងស្នាក់នៅមន្ទីរពេទ្យតែម្នាក់ឯង ដោយរៀបរាប់ថា «ប្អូនស្រីខ្ញុំយំហើមភ្នែកអស់ហើយ គាត់នៅម្នាក់ឯងគាត់ខ្លាច ទ្រាំទៅអូនតិចទៀតយើងលែងអីហើយ» ។
គួរឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ នេះ កញ្ញា វី ឌីណែត បានធ្វើតេស្តសំណាកលើកទី ២ រួចហើយ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ កន្លង តែលទ្ធផលក្រោយការព្យាបាលយ៉ាងណា កញ្ញានៅមិនទាន់ជម្រាបនៅឡើយទេ ។ យ៉ាងណា អ្នកគាំទ្រក៏សង្ឃឹមថា លទ្ធផលតេស្តក្រោយនេះ កញ្ញានឹងជាសះស្បើយផងដែរ។
