នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ និយតករសុខភាពចក្រភពអង់គ្លេស ហៅកាត់ថា (MHRA)បានអនុម័យោឱ្យប្រើប្រាស់ថ្នាំ Ronapreve របស់ក្រុមហ៊ុន Roche និងក្រុមហ៊ុន Regeneron ដែលអាចបង្កើតអង្គបដិប្រាណ
ព្យាបាលជំងឺកូវីដ១៩ បាន។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលអង់គ្លេស Gov.UK។
ប្រភពដដែលបានឱ្យដឹងទៀតថា ថ្នាំ Ronapreve នេះ អាចបន្សាបជំងឺឆ្លងកូវីដ១៩ នៅក្នុងខ្លួនអ្នកជំងឺបាន។
បន្ថែមពីនេះទៀត ថ្នាំនេះក៏អាចជួយការពារកុំឱ្យមានការបម្រែបម្រួលហ្សែល ដែលអាចបណ្ដាលឱ្យកើតមានវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីផងដែរ។
យ៉ាងណាក៏ដោយ ខាង MHRA ក៏បានបញ្ជាក់ផងដែរថា ថ្នាំនេះគឺអាចមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩
ដែលមានអាការត្រឹមកម្រិតស្រាល ឬមធ្យោមប៉ុណ្ណោះ ពោលគឺថ្នាំនេះហាក់ពុំសូវមានប្រសិទ្ធិភាពក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានអាការធ្ងន់ធ្ងរនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ក៏វាជារឿងដែលគួរឱ្យអបអរមួយដែលយ៉ាងហោចណាស់ អង់គ្លេសមានថ្នាំដែលជាទីទុក្ខចិត្តមួយសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតមធ្យោមនិងស្រាលយ៉ាងមានប្រសិទ្ធិភាព កុំឱ្យវិវត្តទៅកាន់ការឈឺធ្ងន់ឬស្លាប់បាត់បង់ជីវិត។
គួរជម្រាបផងដែរថា នេះគឺជាការអនុម័តឱ្យប្រើប្រាស់ថ្នាំព្យាបាលកូវីដ១៩ ដំបូងបំផុតរបស់អង់គ្លេសហើយគេសង្ឃឹមថាក្នុងពេលខាងមុខនេះ អង់គ្លេសនឹងអនុម័តថ្នាំព្យាបាលកូវីដ១៩ ដែលមានប្រសិទ្ធិភាពខ្ពស់ជាបន្ដបន្ទាប់ទៀត៕
ប្រភពអត្ថបទ៖ Business Cambodia