រាជធានីភ្នំពេញ ៖ យោងតាមអនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ នៅយប់ថ្ងៃទី២០ សីហា ២០២១នេះ បានប្រកាសរកឃើញករណីវិជ្ជមានមេរោគ វីរុសកូវីដ-១៩ បំប្លែងថ្មីដែលតា B.1.617.2 (Delta) នៅការដ្ឋានសាងសង់ បុរី ប្រាយ ឡាញ រៀលអ៊ីស្ទេត ឯ.ក (BOREY BRIGHT LINE REALESTATE CO.,LTD)
ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវព្រៃស (ផ្លូវ30ម) ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រុមគ្រូពេទ្យ បានចុះទៅយកសំណាក នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២០ សីហា ២០២១ ។ យ៉ាងណាលទ្ធផលនៅមិនទាន់ដឹងនៅឡើយថា វីរុសកូវីដ-១៩ បំប្លែងថ្មីដែលតា បានចម្លងមនុស្សប៉ុន្មាននាក់ ? ចំណែកឯ ទីតាំងដ្ឋានសាងសង់ បុរី ត្រូវបានបិទខ្ទប់រយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ។
អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានចេញចូល ឫរស់នៅទីតាំងខាងលើនេះ សូមដាក់ខ្លួននៅដាច់ដោយឡែក និងប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ នៅកន្លែងយកសំណាកដែលនៅជិតបំផុត ។
ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែល អ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនោះ និងចូលរួមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ៕