សង្គម

នាំទុក្ខគេណាស់!ខេត្តតាកែវរកឃើញ«អ្នកពាក់ព័ន្ធជាមួយកក្កដា សោភ័ណ្ឌ»ប្រហែល៤០០នាក់

ខេត្តតាកែវ៖មន្ទីរសុខាភិបាលខេត្តតាកែវ បានរកឃើញអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់ប្រហែលជា៣០នាក់ និងដោយប្រយោលជាមួយលោក កក្កដា សោភណ្ឌ័ ដែលផ្ទុកកូវីដ-១៩ប្រហែលជា៤០០នាក់។ បច្ចុប្បន្នអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់ និងដោយប្រយោលទាំងអស់នោះ ត្រូវបានក្រុមគ្រូពេទ្យធ្វើការយកសំណាក និងដាក់ឲ្យនៅដោយឡែក។

លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតែសាកសួរ និងយកសំណាកជាបណ្តើរៗ។

ចំពោះអ្នកដែលជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់និងប្រយោលក្រុមការងារបានដាក់នៅដោយឡែកក្នុងផ្ទះ ហ៊ុមព័ទ្ធខ្សែ។ ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់ប្រហែលជា៣០នាក់ មិនទាន់មានអ្នកចេញនូវរោគសញ្ញា។

សូមបញ្ជាក់ថា លោក កក្កដា សោភ័ណ្ឌ កាលពីនៅថ្ងៃទី ១៤ មីនានេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ខណៈកាលពីថ្ងៃទី ១២ មីនា លោកធ្លាប់ចូលរួមមង្គលការមិត្តភក្តិនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

យោងតាមរយៈបណ្តាលសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនលោក កក្កដា សោភ័ណ្ឌ បានអះអាងថា លោកបានទទួលលទ្ធផលពីគ្រូពេទ្យថា លោក Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ ឥឡូវនេះ លោកធ្វើតាមការណែនាំរបស់គ្រូពេទ្យ និងពង្រឹងស្មារតីអោយបានល្អរងចាំការព្យាបាល។