សង្គម

ក្តៅៗព្រឹក​នេះ​អាជ្ញាធរ​ខេត្តតាកែវ​ចុះ​បិទ​ផ្ទះ​រៀប​ការ​ដែល​អតីត​សង្ឃ កក្កដា សុ​ភ័​ណ្ឌ កើត​កូ​វី​ដ​ចូលរួម

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែមីនា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ខេត្តតាកែវ​បាន​ចុះ​ទៅ​បិទ​ផ្ទះ​រៀប​ពិធី​មង្គលការ មួយ​កន្លែង​នៅ​ស្រុក​សំរោង និង​យក​សំណាក​អ្នក​ពាក់ព័ន្ធ​នានា ក្រោយ​ពី​អតីត​សង្ឃ កក្កដា សុ​ភ័​ណ្ឌ ដែល​បាន​ទៅ​ចូលរួម​ធ្វើ​ជា​អ្នក​កំដរ​កូន​ក​ម្លោះ​ត្រូវ​បាន​រក​ឃើញ​កើត​កូ​វី​ដ ១៩ ។

អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ខេត្តតាកែវ​ដែល​មាន​ឯកឧត្តម ឧត្តមសេនីយ៍ឯក មុំ សោភ័ណ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ សហ​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​សំរោង ខេត្តតាកែវ រួម​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក បាន​ញ្ជើ​ញ​ចុះ​ផ្ទាល់​ដល់ទី​តាំង​ផ្ទះ​ការ​មួយ​កន្លែង​នៅ​ភូមិ​ក្រាំង​លាវ ឃុំរ​វៀង ស្រុក​សំរោង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គល​ឈ្មោះ កក្កដា សុ​ភ័​ណ្ឌ ដែល​ក្រសួងសុខាភិបាល​យក​សំណាក​ពិនិត្យ​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ និង​លទ្ធផល​ប្រកាស​ដោយ​បុគ្គល​រូប​នេះ គឺ​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី ១៤ ខែមីនា ។

សូម​បញ្ជាក់​ថា អ្នក​កំដរ​កូនកំលោះ​ម្នាក់ គឺ​អតីត​សង្ឃ កក្កដា សោ​ភ័​ណ្ឌ បាន​កើត​កូ​វី​ដ ១៩ ដោយ​សាមីខ្លួន បាន​ប្រកាស​ពី​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ តាម​ហ្វេ​ស​ប៊ុ​ក នៅ​យប់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២១ ហើយ​ត្រូវ​បាន​ឡានពេទ្យ ដឹក​ទាំង​យប់ ទៅ​កាន់​មណ្ឌល​សុខភាព​ចាក់​អង្រែ ក្នុង​រាជធានី​ភ្នំពេញ​។

ក្រៅពី​ប្រកាស​សូមទោស និង​ស្តាយក្រោយ ដែល​បាន​ឆ្លង​កូ​វី​ដ អតីត​សង្ឃ​នេះ ក៏​បាន​ប្រកាស​ឲ្យ​មិត្តភក្តិ និង​អ្នក​បាន​ជួប​រួប​គេ​ទាំងអស់ ទៅ​ពិនិត្យ​សុខភាព និង​ស្តាប់​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក អតីត​សង្ឃ​នេះ បាន​សរសេរ​ថា «​ខ្ញុំ​កក្កដា សោ​ភ័​ណ្ឌ បាន​ទទួលលទ្ធផល​ពី​គ្រូពេទ្យ​ថា ខ្ញុំ Positive, មាន​ផ្ទុកមេរោគ Covid-19 នេះ​ពិតមែន​។

អ្វី​ដែល​ស្មាន​មិន​ដល់ បាន​កើតឡើង​ហើយ​… ឥឡូវនេះ ខ្ញុំ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ នឹង​ពង្រឹងស្មារតី​អោយ​បាន​ល្អ រង់ចាំ​ការ​ព្យាបាល​។ សូមទោស​អ្នក​រាល់គ្នា​ផង​…

បើ​ខ្ញុំ​មិន​មក​ពិនិត្យ ខ្ញុំ​គេចវេះ វា​ជា​រឿង​មិនល្អ​ទេ សុខចិត្ត​អោយ​អ្នក​ទាំងអស់​គ្នា​ជេរ​ខ្ញុំ​… សូមទោស​មិត្តភក្តិ អ្នក​រាប់អាន ដែល​ខ្ញុំ​នាំទុក្ខ​អោយ​… សូម​មេត្តា​ទៅ​ពិនិត្យ​សុខភាព ដែល​នៅ​ជិត និង​ស្តាប់​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល កុំអោយ​ស្តាយក្រោយ​ដូច​ខ្ញុំ​»។

ក្នុង​ពិធី​មង្គលការ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១ ទើប​រក​ឃើញ​កើត​កូ​វី​ដ​១៩ នោះ​គឺ ពិធី​មង្គលការ​នេះ នៅ​ភូមិ​ក្រាំង​លាវ ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ​។

ដូច្នេះ​សូមអ្នក​ពាក់ព័ន្ធ ក្នុង​ពិធី​មង្គលការ កាលពី​ថ្ងៃ​ទី​១២ ខែមីនា នៅ​ភូមិ​ក្រាំង​លាវ ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ និង​អ្នកចូលរួម​ពិធី​ទាំងអស់ សូម​ទៅ​ពិនិត្យ​សុខភាព និង​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល។