សង្គម

ម្នាក់ទៀតហើយ!អ្នកដឹកនាំសម្ដែង និងនិពន្ធបទចម្រៀង នៅហង្សមាស លោក លី ស៊ីនហួន ឆ្លង «Covid-19» ក្រោយមានទំនាក់ទំនងផ្ទាល់ជាមួយ ណុប បាយ៉ារិទ្ធ

(ភ្នំពេញ)៖ អ្នកដឹកនាំសម្ដែង និងជាអ្នកនិពន្ធបទចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក វ៉ែន វណ្ណា ហៅ លី ស៊ីនហួន បញ្ជាក់ថា លោកមានវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីធ្លាប់មានទំនាក់ទំនងជាមួយតារាចម្រៀង លោក ណុប បាយ៉ារិទ្ធ និងលោក សាន សុវណ្ណឌីន។

អ្នកនិពន្ធ វ៉ែន វណ្ណា បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា លោកបានទទួលតេស្តរកជំងឺកូវីដ-១៩ ពីសំណាក់ក្រសួងសុខាភិបាលហើយ គឺលទ្ធផល «វិជ្ជមាន»។

លោកបានបន្ថែមថា កន្លងមករូបលោក និងគ្រូភ្លេង សាន់ សុវណ្ណឌីន និងតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ជួបគ្នាដើម្បីធ្វើបទចូលឆ្នាំ ក៏ដូចពិភាក្សាគ្នាក្នុងការផលិតបទចម្រៀង។

លោកបានបន្តថា បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអ៊ីនធើខន) ជាពិសេសលោកទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ។

ជាចុងក្រោយ អ្នកនិពន្ធបទចម្រៀងរូបនេះ បានអំពាវនាវឲ្យមហាជនទាំងអស់ការពារខ្លួនឲ្យបានខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមចាក់វ៉ាកសាំងការពារកូវីដ-១៩ផងដែរ។

គួរជម្រាបថា នៅក្នុងមជ្ឈដ្ឋានសិល្បៈ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនបានកត់សម្គាល់ឃើញថា អ្នកសិល្បៈល្បីៗមួយចំនួនបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្នុងនោះបន្ទាប់ពីពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ នីសា, និង លោក Eco Vak Song ដែល ជា ផលិតករ និងជាអ្នកដឹកនាំម្នាក់របស់ ហង្សមាស ហើយជាក់ស្តែងពេលនេះ គឺអ្នកនិពន្ធ វ៉ែន វណ្ណា។

តែយ៉ាងណា បណ្តាអ្នកគាំទ្របានជូនពរជាបន្តបន្ទាប់ឲ្យតារាខាងលើឆាប់ជាសះស្បើយឡើងវិញ និងសូមឲ្យសិល្បករផ្សេងទៀត ជៀសផុតពីជំងឺកូវីដ-១៩ ផងដែរ។