ដោយសារតែមានអ្នកសិល្បៈ ជាច្រើននាក់ មានជាប់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ និងមានតារាចម្រៀងបីដួង និងពិធីការិនីផងនោះ មានវិជ្ជមានកូវីដ-១៩ បានធ្វើឱ្យអ្នកសិល្បៈដូចគ្នា បញ្ចេញអារម្មណ៍ព្រួយបារម្ភ និងលើកទឹកចិត្ត តាមរយៈការបញ្ចេញមតិលើហ្វេសប៊ុកផ្លូវការរៀងៗខ្លួន។
ជាក់ស្តែង តារាចម្រៀង ករុណា ពេជ្រ បានបញ្ចេញរៀបរាប់ថាៈ «យើងសុទ្ធតែជាខ្មែរដូចគ្នា… ហើយទោះបី ខ្ញុំបាទ ករុណា ពេជ្រ នាពេលនេះ មិនទាន់មានជាប់ពាក់ព័ន្ធលើករណី ខូវីត មួយណាក៏ដោយ
ក៏សូមមេត្តាបងប្អូន មួយចំនួនតូច គួរកុំអាលរើសអើងជាមួយតារាលឿនពេក… គួរតែផ្តល់កំលាំងចិត្តអាណិតស្រឡាញ់ … ព្រោះយើងខ្ញុំជា តារា ក៏ជាជន រងគ្រោះ ដូចគ្នាដែរ….
សូមមេត្តា បងប្អូនមួយចំនួនតូច គួរកែប្រែ សម្តី ទឹកមុខ អត្តចរិត កាយវិការ រើសអើង មិនពេញចិត្ត ដូចជា អោយតែឃើញតារា ហាក់បីដូចឃើញ ខូវីត មកចម្លងនោះ មកជាការការពារ អោយបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ខូវីត រៀងៗខ្លួន ប្រសើរជាង …. ក្នុងនាមយើងជាតិសាសន៍ តែមួយ រៀនផ្តល់កិត្តិយស និងអោយតម្លៃគ្នា ទៅវិញទៅមក ក្នុងកាលទេសៈនេះ ដែលយើងកំពុងរស់លើទឹកដីកម្ពុជា តែមួយ ដូចគ្នា….។
ករុណា ពេជ្រ បានប្រាប់ថាៈ មុនពេលរឿងនេះ កើតឡើង រូបលោកផ្ទាល់ ទៅណាមកណា មិនជាបញ្ហាអ្វីទេ ប៉ុន្តែគ្រាន់តែមានអ្នកសិល្បៈ មានរឿងបែបនេះ កើតឡើង លោកត្រូវបាន អ្នកមួយចំនួន រើសអើង និងពោលពាក្យ បែបរើសអើងទៅវិញ។ លោក បាននិយាយបន្តថាៈ ខណៈពេលនេះ យើងមិនគួរប្រើពាក្យសំដី រើសអើងទេ តែយើងត្រូវផ្តល់កំលាំងចិត្ត និង រក្សាពាក្យ ៣កុំ និង ៣ការពារ ទើបប្រសើរ ជាជាងការរើសអើង និងទម្លាក់កំហុស ទៅនរណាម្នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃសុក្រ ទី១២ ខែមីនា នេះ មានតារាចម្រៀង បីរូបហើយ ដែលមានវិជ្ជមានជំងឺរាតត្បាតកូវីដ-១៩ តារាចម្រៀង ណុប បាយ៉ារឹទ្ធ កញ្ញា វីឌី ណែត អ្នកនាង សុគន្ធ នីសា និង ពិធីការិនី កែវ ច័ន្ទនិមល ក្នុងនោះក៏មានអ្នកដឹកនាំសម្តែង នៅក្នុងផលិតកម្ម ហង្សមាស ផងដែរ។