សង្គម

ក្តៅៗ រដ្ឋបាលខេត្តស្វាយរៀង ប្រកាសឲ្យផ្អាកការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ ជប់លៀង បុណ្យទាន និងជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្តុំ

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសឲ្យផ្អាកជាបណ្តោះអាសន្ននូវការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បើតាមរដ្ឋបាលខេត្តស្វាយរៀង ការចេញសេចក្តីជូនដំណឹងខាងលើដោយសារតែព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កំពុងស្ថិតនៅក្នុងស្ថានភាពមួយ ដែលគួរឲ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ តាមការសង្កេតឃើញថា ពិធីផ្សេងៗច្រើនយកចុងភៅ ឬអញ្ជើញភ្ញៀវចល័តពីកន្លែងផ្សេងធ្វើឲ្យមានហានិភ័យខ្ពស់ដែលអាចបណ្តាលឲ្យមានបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នៃខេត្តស្វាយរៀង។

«រដ្ឋបាលខេត្ត សូមផ្អាកជាបណ្តោះអាសន្ននូវការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ពិធីបុណ្យទាន និងពិធីជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន នៅគ្រប់មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តស្វាយរៀង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ត្រូវបានបញ្ចប់ ឬទទួលបានដំណឹងសារជាថ្មីពីរដ្ឋបាលខេត្ត»។ នេះបើតាមសេចក្តីជូនដំណឹងដដែល ដោយបន្ថែមថា «ចំពោះករណីបុណ្យសព អាចប្រារព្ធបានជាធម្មតា ប៉ុន្តែត្រូវធ្វើឡើងក្នុងរង្វង់គ្រួសារ និងត្រូវកាត់បន្ថយអ្នកចូលរួមឲ្យនៅកម្រិតទាបបំផុត»។

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦១៩នាក់, អ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់៕ ប្រភពអត្ថបទ Fresh News