សង្គម

ក្តៅៗ ក្រសួងអប់រំ ផ្អាកសាលារៀនទាំងរដ្ឋ និងឯកជនទាំងអស់បណ្ដោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានអះអាងថា ការសម្រេចផ្អាកដំណើរការសាលារៀននៅស្រុកគិរីសាគរ ខេត្តកោះកុងនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្ដដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច។

គួរជម្រាបថា ដោយសារតែជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ ទីតាំងមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដែលមានការពាក់ព័ន្ធត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ព្រោះដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំង និងបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងស្ថានការណ៍នៅពេលនេះ។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦១៩នាក់, អ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់៕