សង្គម

បើមិនចាំបាច់កុំចេញទៅក្រៅផ្ទះ! ថ្ងៃនេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦២នាក់ថែមទៀត

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦២នាក់ថែមទៀត ខណៈអ្នកជំងឺ២២នាក់បានជាសះស្បើយ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៦២នាក់នេះ រួមមាន៖ ខ្មែរ៤៤នាក់, ឥណ្ឌូនេស៉ី២នាក់, ចិន១៤នាក់ និងវៀតណាមម្នាក់។ ក្នុងនោះមាននៅរាជធានីភ្នំពេញ, ខេត្តកំពង់ធំ, ខេត្តកណ្ដាល, ខេត្តកោះកុង និងខេត្តព្រៃវែង។

ចំណែកអ្នកជាសះស្បើយទាំង២២នាក់វិញមាន៖ ម្នាក់ជាអ្នកធ្វើដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) និង២១នាក់ទៀត មានជនជាតិចិន ជនជាតិវៀតណាម និងជនជាតិខ្មែរ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន២លើក និងបានអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦១៩នាក់, អ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់៕