សង្គម

សោកស្តាយបំផុត!ស្គាល់អត្តសញ្ញាណ បុរសជនជាតិខ្មែរ ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ជាករណីដំបូងបំផុតនៅកម្ពុជា សូម្បីតែមើលមុខប្រពន្ធលើកចុងក្រោយមិនបានផង រីឯសពនឹងត្រូវបូជា…

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមុននេះបន្ដិចថា អ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។ នេះគឺជាករណីលើកដំបូងនៅប្រទេសកម្ពុជា ដែលមានជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។

ជនរងគ្រោះដែលស្លាប់ដោយសារកូវីដ១៩នេះជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ និងជាអ្នកបើកបរឲ្យជនជាតិចិន ហើយពាក់ព័ន្ធនឹងក្លឹប N8។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា សពរបស់អ្នកកើតជំងឺកូវីដ-១៩នេះ មិនអាចរក្សាទុកបានយូរនោះទេ ពោលនឹងត្រូវរៀបចំបូជាតាមអ្វីដែលជាការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាល នាពេលថ្មីៗនេះ។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសព័ត៌មាន ជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០៖៤០នាទីព្រឹក មានបុរសជនជាតិខ្មែរម្នាក់ អាយុ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាករណីស្លាប់លើកទី១នៅកម្ពុជា។

សព មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សពនេះ ត្រូវបានរកឃើញថាមានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

មុននេះ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Rith Sophanith ក៏បានបង្ហាញមុខជនរងគ្រោះដែលស្លាប់ ដោយសារជំងឺកូវីដ-១៩ ព្រមទាំងសរសេរថា “ត្រឹមរយៈពេលតែ ៣សប្តាហ៍សោះ សូម្បីមើលមុខប្រពន្ធជាលើកចុងក្រោយក៏មិនបានមើលផង ថែសុខភាពទាំងអស់គ្នា” ។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឱ្យអាជ្ញាធរនៅគ្រប់រាជធានី ខេត្ត រៀបចំទីតាំងប៉ាឆាបូជាសពអ្នកជំងឺកូវីដ១៩ ឱ្យបានសមរម្យទុកជាមុន ក្នុងករណីមានអ្នកជំងឺកូវីដ១៩ស្លាប់ ។ ចំពោះទីតាំង ត្រូវនៅឆ្ងាយពីទីកន្លែងប្រជាពលរដ្ឋរស់នៅបន្តិច។

សម្ដេចតេជោ បានមានប្រសាសន៍បន្តថា យើងសម្រេចយកការបូជាសព មិនមែនការបញ្ចុះទេ។ សម្ដេចតេជោ បានស្នើឱ្យ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល និង លោក កើត រិទ្ធ រដ្ឋមន្ត្រីយុត្តិធម៌ ទទួលបន្ទុកតាក់តែងអនុក្រឹត្យមួយ ស្ដីពីការបូជាសពនៃអ្នកជំងឺដែលមានកូវីដ១៩ ដោយបញ្ជាក់ពីការកំណត់ចំនួនមនុស្សនៃការចូលរួម។

ប្រភពអត្ថបទ៖ thmeyload