Uncategorized

ពលរដ្ឋ​ខ្មែរ​មក​ពីក្រៅ​ប្រទេស ១៣៨ នាក់ ដឹក​តាម​ឡាន​យោធា​មក​ធ្វើ​ចត្តាឡីស័ក​នៅ​សៀមរាប

បងប្អូនខ្មែរមកពីក្រៅប្រទេសដែល​បាន​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ព្រំដែន​ចំនួន ១៣៨ នាក់ត្រូវបានដឹកជញ្ជូន​តាម​រថយន្ត​យោធា​ចំនួន ១៧ គ្រឿង​មកដល់មណ្ឌលចត្តាឡីស័កនៅខេត្តសៀមរាប។

នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាបបានដឹកនាំក្រុមការងារទៅសម្របសម្រួល និង ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋមកពីក្រៅប្រទេស កំពុងធ្វើចត្តាឡីស័តនៅតាមមណ្ឌលខេត្តបន្ទាយមានជ័យ សរុប ៣២៤នាក់ ក្នុងនោះស្រីចំនួន១៣៨នាក់ តាមរថយន្តយោធាចំនួន១៧គ្រឿង និង មកពីច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះមកកាន់មណ្ឌលចត្តាឡីស័កនៅសាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្តសៀមរាប បន្ទាប់ពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចបិទការធ្វើចត្តាឡីស័កនៅតាមព្រំដែនសម្រាប់អ្នកដែលមានសុខភាពធម្មតា។

គួររំលឹកថា តាមរយៈសារសម្លេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យលើសភាពការណ៍នៅក្នុងព្រះរាជាណាចក្រថៃ គឺសម្ដេចសម្រេចបិទការធ្វើចត្តាឡីស័ក នៅតាមព្រំដែនសម្រាប់អ្នកដែលមានសុខភាពធម្មតា ប៉ុន្តែនឹងត្រូវបន្តឲ្យមានការធ្វើចត្តាឡីស័កចំពោះអ្នកដែលមានការសង្ស័យ។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា បញ្ហាការធ្វើចត្តាឡីស័ករបស់យើង គឺចាប់ផ្ដើមពីសភាពការណ៍នៅក្នុងប្រទេសថៃដែលមានការឆ្លងក្នុងសហគមន៍យ៉ាងច្រើន ប៉ុន្តែឥឡូវសភាពការណ៍នៅក្នុងប្រទេសថៃបានត្រួតត្រាបានហើយ រាប់ទាំងរបាយការណ៍របស់ឯកឧត្តមអភិបាលខេត្តបាត់ដំបង ដែលបានបញ្ជាក់ថា ខេត្តនៅក្នុងប្រទេសថៃ ដែលជាប់ព្រំដែនជាមួយកម្ពុជា ក៏បានដកចេញពីចំណុចពណ៌ក្រហម បានន័យថា ខេត្តដែលមានហានិភ័យរួចទៅហើយ។

ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមទទូច និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ , ៣កុំ ចូលរួម ស្កេនQRCode ឲ្យបានខ្ជាប់ខ្ជួន និងចូលរួមស្ម័គ្រចិត្តយកសំណាក ក្នុងករណីបងប្អូនទើបតែមក ឬពាក់ព័ន្ធនឹងកន្លែងដែលមានហានិភ័យ ដែលក្រសួងសុខាភិបាល បានប្រកាសកន្លងមក ក្នុងនោះសូមម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន ហាងទំនិញ ផ្សារ សូមចុះឈ្មោះស្នើសុំ QR Code ដើម្បីចូលរួមចំណែក បង្ការ ទប់ស្កាត់ និង ងាយស្រួលស្រាវរកអ្នកមានពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ។

សូមបញ្ជាក់ថា ៣ការពារ រួមមាន ៖ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គមនិងបុគ្គល និង៣កុំ រួមមាន ៖ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់ កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំឱបគ្នាជាដើម ពីព្រោះថា យើងអាចភ្លេចកូវិដបាន តែកូវិដមិនភ្លេចយើងឡើយ។

លោកស្រី យូ សុភា បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ មកដល់ថ្ងៃទី០៩ មីនានេះ បងប្អូនដែលបានមកក្រៅប្រទេស ហើយបានធ្វើចត្តាឡីស័កនៅតាមព្រំដែន នៅខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ , បាត់ដំបង និង ខេត្តប៉ៃលិន បានចូលមកកាន់មណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្តសៀមរាប មានចំនួន៧២៥នាក់ ស្រី ៣០១នាក់ ។ ជាក់ស្តែងនៅថ្ងៃទី០៩ មីនានេះ ៣២៤នាក់ ស្រី១៣៨នាក់ មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ចំនួន១៧រថយន្ត និង មកពី ខេត្តឧត្តរមានជ័យ ០៤រថយន្ត ដឹកដោយកងពលតូចដឹកជញ្ជូនលេខ៩៩ ។

លោកស្រីក៏បានបញ្ជាក់ថា បងប្អូនដែលបានចូលមក ដល់មណ្ឌលចត្តាឡីស័កមួយចំនួនបានធ្វើការយកសំណាកបានម្តងមកហើយ និង មួយចំនួនបានបំពេញទៅតាមការកំណត់របស់ក្រសួងសុខាភិបាលរយៈពេល១៤ថ្ងៃ មួយចំនួនដែលមិនទាន់គ្រប់ក៏ត្រូវបានបន្តធ្វើចត្តាឡីស័កនៅតាមបណ្តាក្រុង ស្រុក ក្រោយពេលយកសំណាកបានគ្រប់ចំនួន។

ជាក់ស្តែងផងដែរ បងប្អូនដែលបានធ្វើ​ចត្តាឡីស័កបានគ្រប់ចំនួន និង អ្នកបានយកសំណាកបានគ្រប់ តាមការកំណត់ ក៏ត្រូវបានបញ្ជូនឲ្យទៅបន្តធ្វើចត្តាឡីស័កនៅតាមក្រុង ស្រុករបស់ខ្លួនផងដែរ ។

ក្នុងនោះដែរលោកស្រី ក៏បានលើក ផងដែរ អំពីបញ្ហាប្រឈមមួយចំនួន ក្នុងការផ្គត់ផ្គង់ដល់ពលករ ដោយរយៈពេលកន្លងមករាជរដ្ឋាភិបាលបានផ្តល់ថវិកាទ្រទ្រង់តែតាម បណ្តាខេត្តជួរមុខ តែពេលនេះ ពលករដែលមកពីក្រៅប្រទេស មានចំនួនច្រើនលើសលប់ ដែលធ្វើឲ្យការផ្គត់ផ្គង់អាហារមិនបានទាន់ ពេលវេលា ធ្វើឲ្យបងប្អូនពលករមានការរអ៊ូរទាំ សំខាន់កុមារតូចៗ ស្រែកយំទារកអាហារ។