កម្សាន្ត

ធូរទ្រូងបន្តិច!ងួន ចាន់ដេវីត និងទេព បូព្រឹក្ស ធ្វើតេស្តរកកូវីដ-១៩ លើកទី១ លទ្ធផលអវិជ្ជមាន

បន្ទាប់ពីលោកអ៊ិន ទីតូ បានឆ្លងជំងឺកូវីដ-១៩ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្យាបាលកូវីដ-១៩ កម្រិតស្រាល (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់) នោះ គេឃើញគូស្នេហ៍តារាចម្រៀង ងួន ចាន់ដេវីត និងទេព បូព្រឹក្ស បានទៅធ្វើតេស្តរកមេរោគកូវីដ-១៩ លទ្ធផលចេញមកអវិជ្ជមាន តែត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ រង់ចាំធ្វើតេស្តលើកទី២ទៀត។

ងួនចាន់ដេវីត បានបង្ហោះសារថា​ ”សួស្ដី​បងប្អូន​ទាំង​អស់​គ្នា​ ដោយ​ពេល​នេះ​ខ្ញុំទាំងពីរនាក់ បានធ្វើតេស្តមេរោគ​កូវីត​ ១៩​ រួចរាល់ហើយ ដោយលទ្ធផលតេស្តលើកទីមួយ ​ គឺ​ (​ អវិជ្ជមាន​ )​ ប៉ុន្តែដោយមានការណែនាំពីលោកគ្រូអ្នកគ្រូពេទ្យឲ្យពួកខ្ញុំបន្តធ្វើការ​ ចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ រហូតដល់គ្រប់​១៤ថ្ងៃ​ ដើម្បីរង់ចាំ​ការធ្វើតេស្តលើកទី​ ២​ ម្តងទៀត​ ។

ដោយខ្ញុំទាំងពីរនាក់ សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបារម្ភពីពួកខ្ញុំ​ ។ សូមកុំភ្លេចចូលរួមទាំងអស់គ្នា​ និង​ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល”។

ចំណែកទេព បូព្រឹក្ស ក៏បានបង្ហោះសារដែរថា “ម្សិលមិញសុំទោសផងដែលមិនបានលើកទូរស័ព្ទ ឬឆ្លើយតបសារ ក៏អរគុណដល់មិត្តភក្តិបងប្អូនទាំងអស់គ្នាដែលបារម្ភ”។

គួរបញ្ជាក់ថា ទេព បូព្រឹក្ស និងងួន ចាន់ដេវីដ បានរាប់អានគ្នាយ៉ាងជិតស្និទ្ធ ដូចបងប្អូនធម៌ ជាមួយលោកអ៊ិន ទីតូ អ្នកដឹកនាំថតស្ពតម្នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ ពេលទៅហូបអីជាមួយមន្ត្រីប៉ូលិសម្នាក់។

​អ្នកនាងច័ន្ទ កែវនិមល ដែលបានទៅធ្វើជាពិធីការិនីក្នុងស្ពតដែលដឹកនាំលោកអ៊ិន ទីតូ ក៏បានឆ្លងជំងឺកូវីដ-១៩ ហើយបានបន្តឆ្លងទៅស្វាមី និងកូនស្រីម្នាក់ទៀត។

ប្រភពអត្ថបទ៖ នគរធំ