សង្គម

គោរមងារ «ឧកញ៉ា» នៅកម្ពុជា តាមពិតមាន ៣ ថ្នាក់គឺ ឧកញ៉ា អ្នកឧកញ៉ា និង លោកអ្នកឧកញ៉ា

នុងពេលបច្ចុប្បន្ននេះ គេកត់សម្គាល់ឃើញមានការយល់ច្រឡំចំពោះអត្ថន័យគោរមងារ «ឧកញ៉ា» នៅកម្ពុជា ដោយមានកូនខ្មែរមួយចំនួនមិនទាន់យល់ច្បាស់ និង ចែកឱ្យដាច់រវាងគោរមងារនេះនៅឡើយ ព្រោះឱ្យតែឃើញបុគ្គលណាម្នាក់ដែលមានគោរមងារឧកញ៉ានេះ តែងតែហៅលោកឧកញ៉ា ឬ អ្នកឧកញ៉ា ដោយមិនបានដឹងពីឋានៈពិតនៃងារទាំងនេះ ។

តាមពិតទៅ គោរមងារ «ឧកញ៉ា» នៅកម្ពុជា មាន ៣ ថ្នាក់ គឺ ឧកញ៉ា អ្នកឧកញ៉ា និង លោកឧកញ៉ា ។ បើងាកទៅមើលលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានចែករំលែក និង

បែងចែកឱ្យដឹងពីគោរមងារ ឧកញ៉ា នេះដែរថា «ឧកញ៉ា មាន ៣ ថ្នាក់ គឺ ឧកញ៉ា អ្នកឧកញ៉ា និង លោកឧកញ៉ា ។ កន្លងមកនៅក្នុងប្រទេសកម្ពុជា មានតែលោកពូ ម៊ី សាម៉ឺឌី ទេ ដែលមានឋានៈជា លោកឧកញ៉ា» ។

ចំពោះអត្ថន័យពិតដែលយើងបានដកស្រង់ចេញពីសៀវភៅវចនានុក្រមខ្មែរ សម្តេចសង្ឃរាជ ជួន ណាត ភាគ ១ បោះពុម្ពលើកទី ៥ នៅទំព័រទី ១៧៧៨ បានពន្យល់ពាក្យ ឧកញ៉ា យ៉ាងច្បាស់ផងដែរ ដែលមានចំណុចមួយសរសេរថា ប្រើតាមលំដាប់ថ្នាក់ស័ក្តិធំតូចថា លោកអ្នកឧកញ៉ា…, អ្នកឧកញ៉ា…, ឧកញ៉ា… (មាននិយាយក្នុងច្បាប់ទម្រង់ស័ក្តិ) ។

តាមអត្ថន័យនេះបានបង្ហាញឱ្យដឹងថា គោរមងារ ឧកញ៉ា គឺមានស័ក្តិតូចជាង អ្នកឧកញ៉ា និង លោកអ្នកឧកញ៉ា ។ រីឯគោរមងារ អ្នកឧកញ៉ា គឺមានស័ក្តិធំជាង ឧកញ៉ា តែតូចជាង លោកអ្នកឧកញ៉ា ។

ចំពោះគោរមងារ លោកអ្នកឧកញ៉ា វិញគឺមានស័ក្តិធំជាងគេ ក្នុងចំណោមគោរមងារឧកញ៉ានេះ តែយ៉ាងណាទាំងនេះគ្រាន់តែជាគោរមងារសម្រាប់ហៅប៉ុណ្ណោះ ដែលសំខាន់គឺបុគ្គលទទួលបានគោរមងារទាំងនេះ សុទ្ធតែបានមានចំណែកចូលរួមបរិច្ចាគជាថវិកាជួយដល់រដ្ឋ ។

គួរឱ្យដឹងដែរថា ចំពោះគោរមងារឧកញ៉ានេះ បច្ចុប្បន្នគឺបានទៅលើសប្បុរសជន ដែលបានធ្វើអំណោយជាថវិកា ឬ សម្ភារៈដល់រដ្ឋ មានតម្លៃចាប់ពី ៥០ ម៉ឺនដុល្លារឡើងទៅ នឹងត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជក្រឹត្យផ្តល់គោរមងារជា ឧកញ៉ា ។

ខាងក្រោមនេះជាពន្យល់ពាក្យ ឧកញ៉ា ដែលស្រង់ចេញពីសៀវភៅវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ៖

ឧកញ៉ា មានន័យថា អុក– (ន.) ពាក្យប្រើជាឋានន្តរស័ក្តិនៃមន្ត្រីថ្នាក់ខ្ពស់ជាងទី ព្រះ សំដៅសេចក្ដីថា «អ្នកចេះត្រួតត្រាមុខការក្នុងក្រសួងឬនាទីរបស់ខ្លួន» (មកពី ពាក្យខ្មែរ ឧក ឬ អុក «ត្រួតត្រាពេញអំណាច» + បា. ញា «ដឹង; ចេះ; ស្គាល់»), ប្រើតាមលំដាប់ថ្នាក់ស័ក្តិធំតូចថា លោកអ្នកឧកញ៉ា…, អ្នកឧកញ៉ា…, ឧកញ៉ា… (មាននិយាយក្នុងច្បាប់ទម្រង់ស័ក្តិ) ។

មានអត្ថកោវិទខ្លះយល់ថា ឧក ក្លាយមកពី សំ. ឧ «ព្រះព្រហ្ម; ព្រះឥសូរ» + បា. ញា «ដឹង; ចេះ; ស្គាល់» សំដៅសេចក្ដីថា «អ្នកស្គាល់ការគោរពព្រះព្រហ្មឬព្រះឥសូរ» (តាមលទ្ធិខ្មែរសម័យបុរាណ); អត្ថកោវិទខ្លះយល់ថា ឧក ក្លាយមកពី សំ. ឧក្ត «ពោល, ស្ដី, និយាយ, ថា» + បា. ញា សំដៅសេចក្ដីថា «អ្នកស្គាល់ការស្ដីនិយាយ» (ការយល់ទាំងពីរយ៉ាងក្រោយនេះក៏បានសេចក្ដីដោយឡែកដែរ គង់នៅប្រើជា ឧកញ៉ា ដូចគ្នា ផ្សេងគ្នាតែសេចក្ដីប៉ុណ្ណោះ) ។

កាលក្នុង ព. ស. ២៤៥៨ គ. ស. ១៩១៤ គណៈកម្មការបង្កើតវចនានុក្រមខ្មែរ បានផ្តើមប្រឹក្សាគ្នាជាដំបូងបង្អស់ អំពីអក្សរ ៤ តួគឺ ឧ៊, ឪ, ឱ, ឪ, (អុក, អុវ ឬ អូវ, អោ, អៅ) នេះ ក៏បានយល់ព្រមគ្នាជាឯកច្ឆន្ទថា ឧ៊ បុរាណយក (៊) នេះដែលហៅថា សក់ក មកដាក់ពីលើជាតួប្រកបជាជំនួស ក (ឧក) ត្រូវលែងប្រើ ត្រូវប្រើ ឧក វិញ (ឧកហ្មឺន… ឧកញ៉ា) ។

ឱ ដែលប្រកបនឹង យ ជា ឱយ ឬ អោយ នេះត្រូវកុំប្រើត្រូវប្រើ ឱ្យ ដូចពីដើមទុកថាជា អញ្ញត្រសព្ទ ។ ឪ និង ឪ ដែលយកចុងឬកន្ទុយ វ មកដាក់ពីលើជា ឪ, ឪ (អុវ, អៅ) ត្រូវទុកឲ្យនៅដូចពីដើម (ម. ព. ឪ, ឱ, ឪ តាមលំដាប់ ទៀតផង) ។

សៀមសម័យបុរាណយកពាក្យ ឧក ទៅប្រើជា អក, សរសេរជា អ្ចក ប្រើជាពាក្យនាំមុខឋានន្តរមន្រ្តីគ្រប់ថ្នាក់ជា អ្ចកហ្មឺន, អ្ចកខុន អ្ចកហ្ល្វង, អ្ចកព្រះ, អ្ចកញា (អកហ្មឺន, អកឃុ៎ន, អកហ្លួង, អកផ្រះ, អកយ៉ា) ។ អ្ចក នេះសៀមប្រើជាពាក្យហៅបិតាមាតាថា ព្ច់អ្ចក, េមេអ្ចក ផងក៏បាន (អ. ថ. ផអក, ម៉ែអក “ឪពុកបង្កើត, ម្ដាយបង្កើត”) ។ លាវប្រើពាក្យ ព់អ្ចក, េមេ់អ្ចក នេះជាសម្ដីសម្រាប់បព្វជិតហៅឧបាសកឧបាសិកា ផងក៏បាន ៕