មហាជនភាគច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ នៅវេលាម៉ោង១១ និង០០នាទី មានករណីឧក្រិដ្ឋជន០៤នាក់ ចូលជំរិត និងប្លន់សម្លាប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង គឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។
លុះមកដល់ ព្រឹក ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ សាកសព ឧក្រិដ្ឋជន០៤នាក់ បានយកមកតម្តល់ នៅវត្តទឹកថ្លាហើយ ហើយក៏បានបូជាតាមលំដាប់រួចហើយផងដែរ។
ក្នុងនោះ គិតត្រឹមថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ គឺនៅមិនទាន់ឃើញ មានសាច់ញាតិណាម្នាក់ មកទទួលយកធាតុ មេក្លោង ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ នៅឡើយនោះទេ។
ក្រោយឃើញបែបនេះ ចិត្តមិនដាច់ ស្រាប់តែ ចំប៉ីខ្មៅ បានធ្វើរឿងមួយជូនហើយ ដោយប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា ៖
“ប្រពៃណីទំនៀមទំលាប់ ខ្មោចងាប់ទៅហើយ នៅឡើងឈ្មោះស្អុយ គ្មានអ្នកណាម្នាក់ដឹងថា ខ្លួននឹងស្លាប់ទៅព្រោះអ្វី នៅកន្លែងណា នៅទីណា នោះទេ មិនដឹងសូម្បីតែពេលវេលាថ្ងៃនេះ ឬថ្ងៃស្អែក ថ្ងៃណាមួយ តែ រឹទ្ធស្លាប់ហើយ ខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួប បានត្រឹមតែទិញកោដ្ឋដាក់ឆ្អឹងឱ្យ និមន្តព្រះសង្ឃសូត្រមន្តឱ្យ តែប៉ុនហ្នឹង។ ខ្ញុំសង្ឃឹមថាមិត្ត ដែលធ្លាប់ជល់កែវជាមួយគាត់ នឹងមកជូនដំណើរគាត់ ចុងក្រោយ ។
មនុស្សណាមិនធ្លាប់ខុស តែគ្នាស្លាប់ទៅហើយ ឆ្អឹង ធាតុគ្នា គួរតែដាក់ឱ្យបានសមរម្យ ជាមនុស្ស ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូន នឹងអហោសិកម្មឱ្យ ចោរដែលស្លាប់ទៅហើយ នេះសូម្បីតែបងប្អូនគេក៏មិនអើពើ តែខ្ញុំមានតែជួយរក្សាបានប៉ុនហ្នឹង គំរប់បុណ្យ៧ថ្ងៃ ខ្ញុំនឹងនិមន្តព្រះសង្ឃសូត្រមន្ត តាមប្រពៃណី នៃពិធីបុណ្យសព បើពុកម៉ែបងប្អូន យល់ថាការធ្វើបុណ្យ ត្រូវរើសថាជាមនុស្សល្អ ឬអាក្រក់ ជាសិទ្ធិ ក្នុងការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា តែសូមធ្វើបុណ្យជាមួយចោរមួយក្បាល ដែលគ្នាងាប់ទៅ គ្មានញាតិផង។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ ចំប៉ីខ្មៅ បានបង្ហោះរូបភាពពីរសន្លឹកទៀតហើយ ព្រមទំាងបញ្ជាក់បន្ថែមថា “បុណ្យប្រាំពីរថ្ងៃគាត់ នឹងប្រារព្ធ នៅថ្ងៃសៅរ៍ ៨រោច ជាថ្ងៃសីល ខែផង្គុល ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវហ្នឹងថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២១ នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដោយនិមន្តព្រះសង្ឃបង្សុកូល ចំនួនប្រាំព្រះអង្គ កិច្ចធ្វើតាមគន្លងព្រះពុទ្ធសាសនា”៕