សង្គម

បុរសខ្មែរម្នាក់ត្រូវពិន័យ ២ លានរៀល ក្រោយដើរហើរច្រើនកន្លែង ពេលខ្លួនកំពុងធ្វើចត្តាឡីស័ក…

នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ នេះ បុរសម្នាក់ រស់នៅខេត្តព្រះសីហនុ ត្រូវបានផាកពិន័យ ខណៈដែលខ្លួនកំពុងធ្វើចត្តាឡីស័ក បែរជាដើរហើរចល័តច្រើនកន្លែង នៅក្នុងក្រុងព្រះសីហនុ ។

តាមរយៈមន្ត្រី ដែលចុះផាកពិន័យបានឱ្យដឹងថា បុរសនេះឈ្មោះ នូវ ចន្ថា មានអាសយដ្ឋាន នៅភូមិ ៥​ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ជាប់របងសាលារៀន ហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ ធ្វើការនៅក្នុងសណ្ឋាគារឯកជនមួយក្នុងក្រុងព្រះសីហនុ ដែលជាអ្នកពាក់ពន្ធ័ដោយប្រយោលជាមួយនឹងអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាលខេត្ត ដាក់ឲ្យធ្វើចត្តាឡីសក័ដោយខ្លួនឯងនៅក្នុងផ្ទះ ។

ទន្ទឹមនឹងការធ្វើចត្តាឡីស័កដោយខ្លួនឯង ខាងរដ្ឋបាលរកឃើញបុរសខាងលើ បានដើរហើរចល័តជាច្រើនកន្លែង នៅក្រុងព្រះសីហនុ ដូច្នេះដោយអនុវត្តតាមការពិន័យអន្ដរការណ៍ ២ លានរៀល ចំពោះអ្នកអនុវត្តមិនត្រឹមត្រូវតាមវិធានចត្តាឡីស័ក រដ្ឋបាលខេត្តព្រះសីហនុសម្រេច ផាកពិន័យបុរសខាងលើជាប្រាក់ចំនួន ២ លានរៀល នៅព្រឹកថ្ងៃទី ៥​ ខែមិនា​ ឆ្នាំ ២០២១ ជាមួយនឹងការព្រមានបន្ថែមពីវិធានការក្តៅបន្ត ក្នុងករណីមិនអនុវត្តន៍ត្រឹមត្រូវ ពេលធ្វើចត្តាឡីស័ក ៕

ប្រភព ៖ រដ្ឋបាលខេត្តព្រះសីហនុ