កម្សាន្ត

ស្ងាត់ៗ ស្តេច​ប្រដាល់ ប៊ូ​ខាវ បញ្ចេញ​រូបថត​ដ៏​ស្វ៊ី​តៗ ជាមួយ​ស្រី​ស្អាត​ម្នាក់

និយាយ​ដល់​ឈ្មោះ​ស្តេច​ប្រដាល់​ថៃ នោះ​ប្រិយមិត្ត ជាពិសេស​អ្នក​ស្នេហា​វិស័យ​ប្រដាល់ ប្រាកដ​ណាស់​បាន​ស្គាល់​ច្បាស់​ហើយ ពី​កីឡាករ ប៊ូ​ខាវ (Buakaw)​។ មែនហើយ កីឡាករ​មកពី​ខេត្ត​សុរិន្ទ រូបនេះ ត្រូវបាន​គេ​ផ្តល់​រហ្សនាម​ស្តេច​ប្រដាល់​មិន​ខុស​នោះទេ ព្រោះថា​កីឡាករ​រូបនេះ​មាន​កាយសម្បទា​អំណោយទាន​ពី​ធម្មជាតិ​ដ៏​រឹងមាំ ដែល​ធ្វើ​ឲ្យ​រូបគេ​ឡើង​ប្រកួត​ម្តងៗ កម្រ​នូវ​ពាក្យ​ថា​ចាញ់​ណាស់ មិន​ថា​ប្រឈមមុខ​ជាមួយ​កីឡាករ​ជើង​ខ្លាំងៗ​នៅក្នុង​ស្រុកថៃ ឬ អន្តរជាតិ​នោះទេ​។​

​ប៊ូ ខាវ គឺជា​កីឡាករ​មួយរូប ស្ថិតនៅក្នុង​បេះដូង​ប្រជាជន​ថៃ និង​ជា​កីឡាករ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​នៅ​ទូទាំង​អាស៊ី​ផងដែរ​។ បើ​របាយការណ៍​បាន​ឲ្យ​ដឹងថា Buakaw បានឈ្នះ​ជើងឯក​លេខ​១ ៤ ឆ្នាំ ដែល​ក្នុងនោះ​នៅ​ឆ្នាំ (២០១២, ២០១៥, ២០១៦ និង ២០១៧) និង​ក៏​ត្រូវបាន​ចុះបញ្ជី​ជា​កីឡាករ​ម្នាក់ ក្នុងចំណោម​អត្ត​ព​លិ​ក​ដែលមាន​ប្រជាប្រិយ​បំផុត ៣ រូប ក្នុង​រយៈពេល ១០ ឆ្នាំ កន្លងមកនេះ​។​

​ដោយឡែក ថ្មីៗ​នេះ ស្តេច​ប្រដា​ល់វ័យ ៣៨ ឆ្នាំ រូបនេះ បានធ្វើ​ឲ្យ​មហាជន និង​ក៏ដូចជា​ហ្វេ​នៗ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​តែម្តង ខណៈ​ឃើញ​លោក​បានចាប់ផ្តើម​ចូល​វិស័យ​សិល្បៈ ដោយ​ធ្វើជា​តារាចម្រៀង ជាមួយ​បទ​ទើប​ចេញ​ថ្មី​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅលើ Channel របស់លោក​ផ្ទាល់ ដោយ​បទ​នោះ​មាន​ចំណងជើង​ថា «​ឈឺចាប់​» ជា​ភាសា​អង់គ្លេស “True Pain” និង​ជា​ភាសា​ថៃ​ថា “เจ็บแท้เด้”​។​

​ពិតណាស់ ជាមួយនឹង MV បទ​ចម្រៀង​ច្រៀង និង​សម្តែង​ដោយ​លោក​ផ្ទាល់ ជាមួយ​តារា​សម្តែង​ស្រី​ដ៏​ស្រស់​ម្នាក់ លោក ប៊ូ​ខាវ ក៏បាន​ធ្វើ​ឲ្យ​មហាជន​នាំគ្នា​ច្រឡំ​ថា ស្រី​ស្អាត​ម្នាក់​នោះ គឺ​ច្បាស់​ណាស់​ជា​គូស្នេហ៍​របស់លោក​ហើយ ក្រោយពី​លោក​បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ឈ្មោះថា Banchamek Gym (Buakaw Banchamek, บัวขาว บัญชาเมฆ) កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១៕ ប្រភពអត្ថបទ CEN