អន្តរជាតិ

ពិតទេ? វៀតណាម ប្រកាសរកឃើញវីរុសបំប្លែងខ្លួន ៥ប្រភេទផ្សេងគ្នានៅក្នុងប្រទេស

លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បានអះអាងថា ជនជាតិជប៉ុនម្នាក់ ដែលស្លាប់ក្នុងសណ្ឋាគារមួយនៅទីក្រុងហាណូយកាលពីពាក់កណ្តាលខែកុម្ភៈ គឺពិតជាឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីមែន។

យោងតាមលទ្ធផលតេស្តហ្សែន បានបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានគេហៅថា 20C ដែលជាទម្រង់នៃវីរុសដែលកំពុងសាយភាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ស្រីលង្កា ឥណ្ឌានិងតៃវ៉ាន់។

វាជាលើកទីមួយហើយ ដែលមេរោគនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសវៀតណាម ហើយវាគឺជាវីរុសបំប្លែងខ្លួនទី៥ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

វីរុស៤ប្រភេទផ្សេងទៀតរួមមាន B.1.1.7 មកពីចក្រភពអង់គ្លេស, B.1.351 ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង, A.23.1 ដែលលេចចេញជាលើកដំបូងនៅក្នុងប្រទេសរ្វ៉ាន់ដាកាលពីខែតុលាឆ្នាំ២០២០ និង D614G ដែលក្រុមអ្នកវិទ្យាសាស្រ្តហៅថា “G”។

ស្របពេលរកឃើញវីរុសបំប្លែងខ្លួនកាន់តែច្រើន លោករដ្ឋមន្រ្តី Long បានព្រមានថា “ភ្នាក់ងារបង្កជំងឺអាចនៅតែមាននៅក្នុងសហគមន៍ ដូច្នេះវាជាការចាំបាច់ដើម្បីបង្កើនការប្រុងប្រយ័ត្នសម្រាប់ការការពារជំងឺរាតត្បាត”៕ ប្រភពអត្ថបទ កម្ពុជាថ្មី