មនុស្សគ្រប់គ្នាសុទ្ធតែដឹងថាការចេះសន្សំលុយគឺជារឿងចាំបាច់សម្រាប់ការរស់នៅ។ ក៏ប៉ុន្តែមានមនុស្សមួយចំនួននៅមិនទាន់ចេះពីរបៀបសន្សំលុយនៅឡើយ ហើយមានមនុស្សមួយចំនួនទៀតមិនសូម្បីតែគិតខ្វល់ពីរឿងសន្សំលុយទាល់តែសោះ។
សូមឈប់បណ្ដោយពេលវេលាទៀតទៅអ្នកត្រូវតែចេះរៀបចំលុយកាក់របស់អ្នកឱ្យបានល្អ ហើយទាំងនេះជាទម្លាប់ទាំង៧របស់អ្នកពូកែសន្សំលុយដែលអ្នកត្រូវតែដឹង៖
១. ចាប់ផ្ដើមពីតូច
មិនមែនទាល់តែអ្នកមានចំណូលច្រើនទើបអ្នកអាចដកលុយមកសន្សំនោះទេ ប៉ុន្តែអ្នកត្រូវសន្សំគ្រប់ពេលបើទោះបីជាអ្នកមានចំណូលតិចក្ដីអ្នកត្រូវតែមានទម្លាប់សន្សំលុយ។ ឧទាហរណ៍ថាអ្នកមានលុយតែ១ម៉ឺនរៀល យ៉ាងហោចណាស់ក៏អ្នកត្រូវដក១ពាន់រៀលទុកសន្សំដែរ។
២. ដឹងពីចំណូលប្រចាំខែ
អ្នកត្រូវតែដឹងពីចំណូលប្រចាំខែរបស់អ្នក ព្រោះថាវាចាំបាច់ណាស់ក្នុងការរៀបចំគម្រោងចំណាយឱ្យបានត្រឹមត្រូវនិងធ្វើការសន្សំឱ្យបានទៀងទាត់។ ប្រសិនបើអ្នកមានចំណូល ៣០០ដុល្លារ ក្នុងមួយខែអ្នកអាចដក១០០ដុល្លារសម្រាប់សន្សំ និងទុក២០០ដុល្លារទៀតសម្រាប់ការចំណាយចាំបាច់ជាប្រចាំ។
៣. ធ្វើការសន្សំដោយស្វ័យប្រវត្តិ
វាជាការដាក់សន្សំជាប្រចាំនិងទៀងទាត់មានន័យថាប្រសិនបើអ្នកសន្សំ ១០០ដុល្លារ ក្នុងមួយខែអ្នកត្រូវតែធ្វើវាជារៀងរាល់ខែ។ មួយវិញទៀតអ្នកអាចប្រើសេវាកម្មធនាគារដែលអាចកាត់លុយរបស់អ្នកពីក្នុងប្រាក់ខែដាក់ចូលទៅក្នុងគណនីសន្សំរបស់អ្នកជារៀងរាល់ខែ ធ្វើបែបនេះវាមានភាពងាយស្រួលហើយក៏ទៀងទាត់ផងដែរ។
៤. សន្សំលុយត្រៀមសម្រាប់ចំណាយយ៉ាងតិចពី៣-៦ខែ
មានន័យថាអ្នកត្រូវមានកញ្ចប់លុយត្រៀមសម្រាប់ការចំណាយប្រចាំខែឱ្យបានយ៉ាងតិច៣ទៅ៦ខែ ដែលកញ្ចប់លុយនេះបានមកពីការសន្សំជាប្រចាំរបស់អ្នក។ ឧទាហរណ៍ថាអ្នកត្រូវចំណាយ២០០ដុល្លារជារៀងរាល់ខែហេតុនេះអ្នកត្រូវសន្សំឱ្យបាន៦០០ទៅ១២០០ដុល្លារ សម្រាប់ត្រៀម។ ធ្វើបែបនេះដើម្បីបង្ការពេលណាអ្នកមិនមានចំណូល ឬដូចជាពេលអ្នកត្រូវផ្អាកការងារឬអ្នកឈឺ អ្នកក៏នៅតែមានលុយសម្រាប់ការចាយវាយប្រចាំថ្ងៃ។
៥. រស់នៅសាមញ្ញ
មិនថាអ្នកមានចំណូលតិចឬច្រើន ក៏អ្នកត្រូវរស់នៅសាមញ្ញសមរម្យកុំឡូយឆាយកុំចាយខ្ជះខ្ជាយ។ វាមិនមែនមានន័យថាអ្នកមានលុយសម្រាប់ចាយអ្នកត្រូវតែចាយនោះទេ អ្នកត្រូវរក្សាការចំណាយឱ្យទាបជាងចំណូលរបស់អ្នក ។
៦. យល់ច្បាស់ពីពាក្យថា «ចង់បាន» និង «ត្រូវការ»
របស់ខ្លះយើងគ្រាន់តែចង់បានប៉ុន្តែវាមិនចាំបាច់នោះទេ ហើយរបស់ខ្លះទៀតយើងត្រូវការព្រោះវាចាំបាច់នៅក្នុងការរស់នៅ។ កុំច្រឡំថា ខោអាវថ្មីៗ ទូរស័ព្ទដៃម៉ាកថ្មី ស្បែកជើងម៉ាកថ្មី ជាតម្រូវការខ្វះមិនបានអី វាមិនមែនទេ។ ដោយឡែកអ្នកត្រូវសរសេពីរបស់ដែលពិតជាចាំបាច់សម្រាប់អ្នកដូចជា ម្ហូបអាហារនិងសាំងជាដើមទៅក្នុងតារាងចំណាយរបស់អ្នក។
៧. ចាប់ផ្ដើមពេលនេះ
អ្នកពូកែសន្សំលុយគេចាប់យកឱកាសភ្លាមៗគេមិនបណ្ដោយពេលវេលាឡើយ។ ប្រសិនបើគេបានដឹងពីរបៀបនៃការសន្សំគេចាប់ផ្ដើមសន្សំភ្លាម ពួកគេមិនន្យាពេលក្នុងការសម្រេចចិត្តរឿងលុយឡើយ។
ពេលនេះអ្នកបានដឹងពីរបៀបដែលអ្នកពូកែសន្សំលុយគេធ្វើហើយ ក៏ល្មមដល់ពេលដែលអ្នកត្រូវសន្សំលុយដែរកុំពន្យាពេលទៀតអីចាប់ផ្ដើមឥឡូវនេះទៅ។