ផ្លែប៉ោមជាផ្លែឈើដែលងាយស្រួលរកទិញ តម្លៃសមរម្យ ហើយមានរសជាតិឆ្ងាញ់។ ក្រៅពីរូបរាងដ៏ទាក់ទាញ និងរសជាតិផ្អែមស្រួយឆ្ងាញ់របស់វា ផ្លែប៉ោមក៏ត្រូវបានគេចាត់ទុកថាជាផ្លែឈើដែលមានអត្ថប្រយោជន៍ជំនួយដល់សម្រស់និងសុខភាពផងដែរ។ យើងអាចយកវាមកញ៉ាំស្រស់ៗ ឬអាចយកកៀបយកទឹក ឬក្រឡុកលាយជាមួយផ្លែឈើផ្សេងទៀតធ្វើក្រឡុក ដើម្បបង្កើនរសជាតិបានថែមទៀត។
តើគួរទទួលទាននៅម៉ោងណាទើបទទួលបានអត្ថប្រយោជន៍ពីផ្លែប៉ោម? បើទទួលទានខុសម៉ោងមានបញ្ហាដល់សុខភាពទេ? តាមការសិក្សាដែលឱ្យដឹងពីប្រភព timesofindia បានឱ្យដឹងថា ដើម្បីទទួលបានអត្ថប្រយោជន៍ពីផ្លែប៉ោមល្អបំផុតគួរទទួលទាន១ថ្ងៃ១ផ្លែ នៅពេលព្រឹក បន្ទាប់ពីក្រោកពីគេង១ម៉ោង។ ដោយសារតែផ្លែប៉ោមសម្បូរទៅដោយជាតិសរសៃអាហារ pectin ដែលត្រូវបានរកឃើញនៅក្នុងសំបករបស់វា។ សម្រាប់មនុស្សជាច្រើន ដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ដោយសារការគេងមិនបានត្រឹមត្រូវ ឬទម្លាប់ញ៉ាំយឺត ញ៉ាំផ្លែប៉ោមនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេងគឺដំណោះស្រាយដ៏ល្អបំផុត។
ការទទួលទានផ្លែប៉ោមមួយផ្លែនៅពេលព្រឹកក៏អាចជំរុញចលនាពោះវៀន បានល្អជាងផ្លែឈើដទៃទៀត។ លើសពីនោះសារធាតុ pectin មាននៅក្នុងផ្លែប៉ោម ក៏អាចជួយការពារអាស៊ីតឡាក់ទិក និងជម្រុញបាក់តេរីល្អឱ្យវាលូតលាស់បានល្អនៅក្នុងពោះវៀនធំ ដែលជាហេតុសម្រួលដល់ការរំលាយអាហារ។ ក្រៅពីនោះ សារជាតិ pectins អាចជួយកម្ចាត់ជាតិពុល និងដកចេញនូវសារធាតុcarcinogens ដែលជាសារធាតុបង្កជំងឺមហារីកផងដែរ។
ក្រៅពីទទួលទាននៅពេលព្រឹកអ្នកអាចទទួលទានផ្លែប៉ោមជាអាហារសម្រន់ពេលថ្ងៃបាន។ ចូរចៀសវាងទទួលទាននៅពេលល្ងាចឬយប់។ ព្រោះការទទួលទានពេលយប់ឬល្ងាច សារធាតុដែលមាននៅក្នុងផ្លែប៉ោម វាអាចបង្កើតជាឧស្ម័នប្រឆាំងនិងមុខងាររបស់ក្រពះ ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលក្នុងខ្លួននៅពេលជិតភ្លឺ។ ម្យ៉ាងវិញទៀត ញ៉ាំពេលល្ងាចឬពេលយប់ អាស៊ីតសរីរាង្គក្នុងផ្លែប៉ោមអាចបង្កើនឱ្យមានជាតិអាស៊ីតនៅក្នុងក្រពះលើសកម្រិតធម្មតា នាំឱ្យប៉ះពាល់ដល់ចលនារបស់ពោះវៀនរបស់អ្នកបាន៕ អត្ថបទពី healthy cambodia